បុណ្យ​សែន​ដូន​តា​កាន់​តែ​រីក​រាយ​ផ្តើម​ពី​ជីវ​ភាព​ផ្លាស់​ថ្មី​

Thứ ba, 13/10/2026, 16:16

រដូវ​បុណ្យ​សែន​ដូន​តា​ឆ្នាំ ២០២៦ នាំ​មក​ជូន​ជន​រួម​ជាតិ​ខ្មែរ​ទី​ក្រុង​កឹង​ធើ​នូវ​ក្តី​រីក​រាយ​ជួប​ជុំ។ ចំ​ពោះ​គ្រួ​សារ​ជា​ច្រើន ក្តី​រីក​រាយ​កាន់​តែ​ពោរ​ពេញ​ថែម​ទៀត នៅ​ពេល​មាន​ផ្ទះ​ថ្មី​ដើម្បី​រស់​នៅ​សុខ​សាន្ត មាន​ប្រ​ភព​ទុន​ដើម្បី​អភិ​វឌ្ឍ​ការ​ផលិត។ ផ្តើម​ពី​ការ​ផ្លាស់​ថ្មី​ទាំង​នោះ មា​មីង​កាន់​តែ​មាន​ទំនុក​ចិត្ត​រឹង​មាំ រីក​រាយ​ទទួល​អំ​ណរ​ពិ​ធី​បុណ្យ​ក្នុង​បរិ​យា​កាស​សប្បាយ​រីក​រាយ​សុខ​ដុម​រម​នា។

 មា​មីង​ខ្មែរ​រីក​រាយ​ចូល​រួម​ពិ​ធី​ប្រ​គល់ “ផ្ទះ​មហា​សាម​គ្គី”។

នៅ​ឃុំ​ថាញ់​ធើយ​អាង ផ្ទះ​មហា​សាម​គ្គី​ដែល​បាន​សាង​សង់​និង​ជួស​ជុល បាន​ក្លាយ​ជា​បង្អែក​ជាក់​ស្តែង​ចំ​ពោះ​គ្រួ​សារ​ដែល​នៅ​ជួប​លំ​បាក​អំ​ពី​លំ​នៅ​ឋាន។ ចាប់​ពី​ដើម​ឆ្នាំ​មក​ដល់​ពេល​នេះ គណៈ​ប្រ​ចាំ​ការ​នៃ​គណៈ​កម្មា​ធិ​ការ​បក្ស​រណ​សិរ្ស​មាតុ​ភូមិ​វៀត​ណាម​ឃុំ បាន​ឧបត្ថម្ភ​សាង​សង់​ផ្ទះ​ថ្មី ៩ ខ្នង តម្លៃ​សរុប ៩០៥ លាន​ដុង និង​ជួស​ជុល​ផ្ទះ ៣ ខ្នង តម្លៃ​សរុប ១៥០ លាន​ដុង។ ថវិកា​បាន​កៀរ​គរ​ពី​មូល​និធិ​“ដើម្បី​អ្នក​ក្រ” និង​ការ​ព្រួត​ដៃ​ឧបត្ថម្ភ​របស់​សប្បុ​រស​ជន​រួម​ចំ​ណែក​ជួយ​គ្រួ​សារ​នា​នា​មាន​លក្ខណៈ​រស់​នៅ​សុខ​សាន្ត លំ​នឹង​ជីវ​ភាព។ អ្នក​មីង ថាច់​ធី​សៀង ភូមិ​អាង​ហ្វា ១ ឃុំ​ថាញ់​ធើយ​អាង ទី​ក្រុង​កឹង​ធើ សម្តែង​ក្តី​រីក​រាយ៖ “មាន​លំ​នៅ​ឋាន​ថ្មី គ្រួ​សារ​ខ្ញុំ​សប្បាយ​ចិត្ត​ណាស់។ ខ្ញុំ​អរ​គុណ​រដ្ឋ​អំ​ណាច​ភូមិ​ភាគ និង​សប្បុ​រស​ជន​ដែល​បាន​យក​ចិត្ត​ទុក​ដាក់ ឧបត្ថម្ភ​ដើម្បី​គ្រួ​សារ​មាន​ផ្ទះ​ថ្មី សម​រម្យ ស្ងប់​អា​រម្មណ៍​ធ្វើ​ការ​រក​ស៊ី។ ឆ្នាំ​នេះ​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា គ្រួ​សារ​ខ្ញុំ​មាន​ក្តី​សប្បាយ​និង​សុខ​ដុម​រម​នា​ណាស់”។

មិន​ត្រឹម​តែ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ប៉ុណ្ណោះ​ទេ នៅ​ឃុំ​តាយ​វ៉ាំង ប្រ​ភព​ទុន​ឥណ​ទាន​គោល​ន​យោ​បាយ​កំ​ពុង ជំ​នួយ​កម្លាំង​ប្រ​ជា​ជន​អភិ​វឌ្ឍ​ការ​ផលិត និង​បង្កើត​មុខ​របរ​ចិញ្ចឹម​ជីវិត​ទៀត​ផង។ រយៈ​ពេល​ជាង ១០ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​របរ​កសិ​កម្ម បង​លី​អួន នៅ​ភូមិ​បើ​ដឹប បាន​ប្រើ​ប្រាស់​ប្រាក់​កម្ចី​ចំ​នួន ៥០ លាន​ដុង ពី​ធនា​គារ​គោល​ន​យោ​បាយ​សង្គម ដើម្បី​វិនិ​យោគ​លើ​ការ​ផលិត ក្នុង​នោះ​មាន​ដី​ដាំ​ត្រប់​វែង​ប្រ​មាណ​ ១ កុង និង​ដាំ​ឈូក​ស ៦ កុង។ ដោយ​សារ​អា​កាស​ធាតុ​អំ​ណោយ​ផល ថែ​ទាំ​ត្រូវ​តាម​បច្ចេក​ទេស ប្រ​ភេទ​ដំ​ណាំ​លូត​លាស់​ល្អ នាំ​មក​ប្រ​ភព​ចំ​ណូល​គួរ សម​ដល់​គ្រួ​សារ។ បង​លី​អួន នៅ​ភូមិ​បើ​ដឹប ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ ចែក​រំលែក៖ “អា​ស្រ័យ​ប្រ​ភព​ទុន​កម្ចី ខ្ញុំ​មាន​លក្ខណៈ​វិនិ​យោគ​ក្នុង​ការ​ផលិត ដាំ​ឈូក និង​ត្រប់​វែង។ ធ្វើ​ស្រែ​ចម្ការ​ទោះ​បី​នឿយ​ហត់ ប៉ុន្តែ​បើ​មាន​ទុន​វិនិ​យោគ គឺ​យើង​មោះ​មុត​និង​ខិត​ខំ​ថែ​ទាំ​ដើម្បី​មាន​ចំ​ណូល។ ជីវ​ភាព​គ្រួ​សារ​ក៏​បាន​លំ​នឹង​ជា​បណ្តើរៗ”។

តាម​ប្រ​សាសន៍​លោក ង្វៀង​វ៉ាំង​ខើយ អនុ​ប្រ​ធាន​គណៈ​ក​ធិ​ការ​ប្រ​ជា​ជន​ទី​ក្រុង​កឹង​ធើ ការ​គិត​គូរ​ដល់​ជីវ​ភាព​ជន​ជាតិ​ភាគ​តិច គប្បី​បាន​អនុ​វត្ត​ព្រមៗ​គ្នា ចាប់​ពី​ឧបត្ថម្ភ​លំ​នៅ​ឋាន​សុខ​មាល​ភាព​សង្គម រហូត​ដល់​បង្កើត​មុខ​របរ​ចិញ្ចឹម​ជី​វិត ជួយ​ប្រ​ជា​ជន​មាន​លក្ខណៈ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ទី​ក្រុង​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​កៀរ​គរ​ប្រ​ភព​ធន​ធាន អនុ​វត្ត​មាន​ប្រ​សិទ្ធ​ភាព​នូវ​គោល​ន​យោ​បាយ កម្ម​វិធី​ឧបត្ថម្ភ រួម​ចំ​ណែក​លើក​ស្ទួយ​ជីវ​ភាព​សម្ភារៈ​និង​ស្មារតី​របស់​ជន​ជាតិ​ភាគ​តិច។

ការ​រួម​ដំ​ណើរ​ពី​គោល​ន​យោ​បាយ​ឧបត្ថម្ភ​លំ​នៅ​ឋាន​ ឥណ​ទាន​អនុ​គ្រោះ និង​ប្រ​ភព​ធន​ធាន​ក្នុង​សង្គម បាន​រួម​ចំ​ណែក​ជួយ​ជន​រួម​ជាតិ​ខ្មែរ​មាន​ជីវ​ភាព​លំ​នឹង អភិវឌ្ឍ​សេដ្ឋ​កិច្ច។ លទ្ធ​ផល​ទាំង​នេះ បង្ក​ជា​ក្តី​ទំ​នុក​ចិត្ត​បន្ថែម​ដើម្បី​មា​មីង​ទទួល​អំ​ណរ​បុណ្យ​សែន​ដូន​តា​ដោយ​ភាព​សប្បាយ​រីក​រាយ និង​បន្ត​ឈាន​ឡើង​ក្នុង​ជីវ​ភាព៕

 ហុង​ទើ - លី​សៀ​