ចាប់​ពី​កម្ម​ករ​ធ្វើ​ការ​ឈ្នួល ក្លាយ​ជា​អ្នក​ផ្តើម​អា​ជីព​នៅ​ស្រុក​កំ​ណើត​
Thứ sáu, 26/06/2026, 02:54

ក្នុង​អំ​ឡុង​ពេល​ធ្វើ​ការ​ឈ្នួល​នៅ​មូល​ដ្ឋាន​ផលិត​នំ​ប៉័ង​មួយ អ្នក​ស្រី​ស៊ើង​ធី​កឹមតៀង (នៅ​ភូមិ​កៃ​ហែ ឃុំ​ទីវ​កឹង ខេត្ត​វិញ​ឡុង) បាន​សន្សំ​បទ​ពិ​សោធន៍​និង​ជំនាញ​វិជ្ជា​ជី​វៈ​ដ៏​មាន​តម្លៃ​សម្រាប់​ខ្លួន។ ដោយ​ភាព​ឧស្សា​ហ៍ព្យា​យាម ស្រ​ឡាញ់​ការ​រៀន​សូ​ត្រ​និង​មាន​ឆន្ទៈ​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ ប្តីប្រ​ពន្ធ​អ្នក​ស្រី​បាន​សម្រេច​ចិត្ត​ផ្តើម​អា​ជីវ​ដោយ​របរ​ផលិត​នំ​ប៉័ង។ ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដោយ​ឥត​ឈប់​ឈរ ជា​ជំ​ហាន​ៗបាន​លំ​នឹង​ជីវ​ភាព​គ្រួ​សារ ហើយ​ថែម​ទាំង​បង្ក​ការ​ងារធ្វើ​ដល់​ពល​ករ​ជន​បទ​ទៀត​ផង​។

អ្នក​ស្រី​ស៊ើង​ធី​កឹម​តៀង​ឧទ្ទេស​នាម​ពី​ផលិត​ផល​នំ​ប៉័ង​របស់​គ្រួ​សារ បាន​វិនិយោគ​និង​អភិវឌ្ឍន៍​ឡើង​ពី​ជំ​នាញ​ដែល​បាន​រៀន​សូត្រ​ក្នុង​អំ​ឡុង​ពេល​ធ្វើ​ការ​ឈ្នួល។

កើត​ក្នុង​គ្រួ​សារ​ដែល​មាន​ជីវ​ភាព​លំ​បាក បន្ទាប់​ពី​រៀន​ចប់​ថ្នាក់​ទី ៨ អ្នក​ស្រី​ក៏​ឈប់​រៀន ដើម្បី​ជួយ​ឪ​ពុក​ម្តាយ​រក​ចំ​ណូល​ផ្គត់​ផ្គង់​គ្រួ​សារ។ ដោយ​ធ្វើ​ការ​ងា​រនៅ​មូល​ដ្ឋាន​ផលិត​នំ​ប៉័ង​មួយ​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ បាន​ជួយ​ឱ្យ​អ្នក​ស្រី​សន្សំ​បាន​បទ​ពិ​សោធន៍​និង​ជំនាញ ចាប់​ពី​ការ​ជ្រើស​រើស​វត្ថុ​ធា​តុ​ដើម ការ​ច្នៃ​ផលិត​ផល​រហូត​ដល់​ការ​ធា​នា​គុណ​ភាព​នំ​ប៉័ង។ អ្នក​ស្រី ចែក​រំលែក៖ "ប្តីប្រ​ពន្ធ​ខ្ញុំ​ធ្វើ​ការ​ឈ្នួល​លំបាក​ណាស់ ប៉ុន្តែ​ត្រូវ​តែ​ខិត​ខំ​ធ្វើ​ការ​ដើម្បី​រៀន​សូ​ត្រ​ចំ​ណេះ​ជំនាញ។ នៅ​ពេល​យើង​ចេះ​ច្បាស់​ពី​ដំណើរ​ការ​ផលិត​នំ​ប៉័ង ខ្ញុំ​គិត​ថា​ ប្រ​សិន​បើ​មាន​ឱ​កាស​ខ្ញុំ​នឹង​ផ្តើម​អា​ជីព​លើ​មុខ​របរ​នេះ​តែ​ម្តង"។

នៅ​ឆ្នាំ​ ២០១៩ ឱ​កាស​បាន​មក​ដល់​នៅ​ពេល​ម្ចាស់​មូល​ដ្ឋាន​ផលិត​នំ​ប៉័ង​ដែល​អ្នក​ស្រី​ធ្វើ​ការ​ឈ្នួល បាន​ផ្ទេរ​មូល​ដ្ឋាន​នេះ​មក​ឱ្យ​ប្តីប្រ​ពន្ធ​អ្នក​ស្រី​វិញ។ បន្ទាប់​ពី​បាន​សន្សំ​បទ​ពិសោធន៍​និង​ដើម​ទុន​អស់​មួយ​រយៈ​ពេល អ្នក​ស្រី​បាន​សម្រេច​ចិត្ត​បង្កើត​មូល​ដ្ឋាន​ផលិត​នំ​ប៉័ង​មាន​ឈ្មោះ​ថា ឡុក​ផាក។ នៅ​ដំ​ណាក់​កាល​ដំ​បូង មូល​ដ្ឋាន​ផលិត​នំ​ប៉័ង​បាន​ប្រ​មា​ណ ១.០០០ នំ​ក្នុង​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ ដោយ​សារ​ខ្វះ​ដើម​ទុន ទី​ផ្សារ​លក់​មិន​ទាន់​លំ​នឹង និង​តម្លៃ​វត្ថុ​ធា​តុ​ដើម​មាន​ការ​ប្រែ​ប្រួល​ជា​ញឹក​ញាប់​ធ្វើ​ឱ្យ​ការ ធ្វើ​អា​ជីវ​កម្ម​ជួប​ប្រ​ទះ​ការ​លំបាក​ច្រើន។

តាម​ការ​បញ្ជាក់​របស់​អ្នក​ស្រី កឹម​តៀង​ ឧប​សគ្គ​ធំ​បំ​ផុត​នៅ​ពេល​ចាប់​ផ្តើម​ធ្វើ​អា​ជីវ​កម្ម​ គឺ​ការ​ខ្វះ​ដើម​ទុន។ ដោយ​ទទួល​បាន​ការ​គាំ​ទ្រ​ពី​សមា​គម​សហ​ព័ន្ធ​នា​រី ឧទ្ទេស​នាម​បុល​ទុន​អនុ​គ្រោះ​ពី​ធនាគារ​គោល​នយោ​បាយ​សង្គម ៧០ លាន​ដុង គ្រួ​សារ​អ្នក​ស្រី​មាន​ឱ​កាស​ក្នុង​ការ​រក្សា​ធ្វើ​អា​ជីវ​កម្ម​និង​ពង្រីក​ការ​ផលិត។ រំលឹក​ឡើង​ពី​រយៈ​ពេល​ដំ​បូង​ទទួល​គ្រប់​គ្រង​បន្ត​មូល​ដ្ឋាន​នេះ អ្នក​ស្រី​បាន​ឱ្យ​ដឹង ប្តី​ប្រ​ពន្ធ​គាត់​ត្រូវ​ទទួល​បន្ទុក​ទាំង​ការ​គ្រប់​គ្រង​និង​ការ​ងា​រផលិត​ដោយ​ផ្ទាល់។ មាន​យប់​ខ្លះ​ ពួក​គាត់​ត្រូវ​ភ្ញាក់​ពេញ​មួយ​យប់​ដើម្បី​រៀប​ចំ​វត្ថុ​ធា​តុ​ដើម​ឱ្យ​ទាន់​តម្រូវ​ការ​របស់​អតិថិ​ជន​។ នៅ​ពេល​ខ្លះ​តម្លៃ​ម្សៅ​កើន​ឡើង​ខ្ពស់ ប្រាក់​ចំ​ណេញ​បាន​តិច​តួច​ប៉ុណ្ណោះ ប៉ុន្តែ​គ្រួ​សារ​របស់​អ្នក​ស្រី​នៅ​តែ​បន្ត​ការ​ផលិត​ដើម្បី​រក្សា​អា​ជីព​និង​ចំ​នួន​អតិថិ​ជន។

ដោយ​សា​រកា​រត​ស៊ូ​ព្យា​យាម​ឆ្លង​កាត់​ការ​លំបាក ការ​ធ្វើ​អា​ជីវ​កម្ម​របស់​អ្នក​ស្រី​បាន​រីក​ចម្រើន​ជា​បន្ត​បន្ទាប់​។ នៅ​ដើម​ឆ្នាំ ២០២៦ អ្នក​ស្រី​ទិញ​បាន​ដី​នៅ​ផ្សារ​ចុង​-ង ឃុំ​តឹប​ង៉ាយ តម្លៃ​ជាង ១,៥ ពាន់​លាន​ដុង​ហើយ​ក៏​បន្ត​វិនិយោគ​ជាង ១ ពាន់​លាន​ដុង​ទៀត​ដើម្បី​បើក​មូល​ដ្ឋាន​ថ្មី​មួយ​បន្ថែម​ទៀត។ បច្ចុប្បន្ន មូល​ដ្ឋាន​ផលិត​នំ​ប៉័ង​ទាំង​ពីរ​ផលិត​បាន​នំ​ប៉័ង​ប្រ​មាណ​ជាង ២.០០០ នំ​ក្នុង​មួយ​ថ្ងៃ ព្រម​ទាំង​នំ​ផ្សេង​ៗទៀត​ជាង ៣០ មុខ។ មូល​ដ្ឋាន​នេះ​បាន​បង្ក​ការ​ងា​រធ្វើ​ជា​ប្រ​ចាំ​ដល់​កម្ម​ករ ១០ នាក់ ដែល​មាន​ប្រាក់​ចំណូល​ជា​មធ្យម​ប្រ​មា​ណ ៧ លាន​ដុង​ក្នុង​មួយ​ខែ។ ផលិត​ផល​ភាគ​ច្រើន​បាន​លក់​នៅ​ហាង កន្លែង​ដែល​ផលិត​នំ​ប៉័ង​តែ​ម្ដង។ ដោយ​សារ​ធា​នា​បាន​នូវ​គុណ​ភាព​ផលិត​ផល​និង​តម្លៃ​សម​រម្យ ម្ល៉ោះហើយ​មាន​ការ​ពេញ​និយម​និង​ទទួល​បាន​ការ​គាំ​ទ្រាំ​ពី​អតិថិ​ជន​ជា​ហូរ​ហែ។ ជា​រៀង​រាល់​ថ្ងៃ ហាង​បើក​ដំ​ណើរ​ការ​តាំង​ពី​ព្រឹក​ព្រលឹម​រហូត​ដល់​ពេល​ល្ងាច​។ បន្ទាប់​ពី​ផាត់​ទាត់​ចំណូល​ចំ​ណាយ​រួច អ្នក​ស្រី​រក​បាន​ប្រាក់​ចំ​ណេញ​ជាង ៥០ លាន​ដុង​ក្នុង​មួយ​ខែ​។

មិន​ត្រឹម​តែ​ជួយ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ មូល​ដ្ឋាន​នេះ​ក៏​បាន​រួម​ចំណែក​បង្ក​ការ​ងា​រធ្វើ​ដល់​ពល​ករ​ជន​បទ។ អ្នក​ស្រី កឹមតៀង តែង​ស្វា​គមន៍​និង​ស្ម័គ្រ​ចិត្ត​បង្ហាត់​បង្រៀន​ជំ​នាញ​ដល់​អ្នក​ដែល​ទើប​ចូល​ធ្វើ​ការ។ តាម​ការ​យល់​ឃើញ​របស់​អ្នក​ស្រី ការ​មាន​ចំ​ណេះ​ជំនាញ​ក្នុង​ដៃ​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​ដើម្បី​លំ​នឹង​ជីវ​ភាព និង​ផ្សារ​ភ្ជាប់​ជា​មួយ​ស្រុក​កំ​ណើត​ក្នុង​រយៈ​ពេល​យូរ។ បង​ស្រី ឡឹម​ធី​ហុង​ថឹម ធ្វើ​ការ​នៅ​មូល​ដ្ឋាន​ផលិត​នំ​ប៉័ង​នេះ​ជាង ៤ ឆ្នាំ បាន​ឱ្យ​ដឹង កាល​ពី​មុន បង​ស្រី​ទៅ​ធ្វើ​ការ​នៅ​ឆ្ងាយ​ពី​ផ្ទះ ដោយ​មាន​ប្រាក់​ចំណូល​មិន​ទៀង​ទាត់។ ចាប់​តាំង​ពី​ចូល​ធ្វើ​ការ​នៅ​ទី​នេះ បង​ស្រី​មាន​ប្រ​ភព​ចំណូល​លំ​នឹង និង​មាន​ពេល​វេលា​ច្រើន​សម្រាប់​មើល​ថែ​ទាំ​គ្រួ​សារ។ បង​ស្រី​ថឹម ចែក​រំលែក៖ "មាន​ការ​ងា​រធ្វើ​នៅ​ជិត​ផ្ទះ​ធ្វើ​ឱ្យ​យើង​ស្ងប់​អា​រម្មណ៍​ជាង ពី​ព្រោះ​មិន​ចាំ​បាច់​ឃ្លាត​ឆ្ងាយ​ពី​គ្រួ​សារ​ដូច​កាល​ពី​មុន​ទៀត"។

លោក​ គឹមទ្រឿង​មុនី ប្រ​ធាន​គណៈ​ប្រ​ជា​ជន​ភូមិ​កៃ​ហែ បាន​ឱ្យ​ដឹង បង​ស្រី​ស៊ើង​ធី​កឹមតៀង​ គឺ​ជា​គំ​រូ​លេច​ធ្លោ​មួយ​នៃ​ស្មារតី​តស៊ូ​ជម្នះ​ការ​លំបាក ប្រឹង​ប្រែង​ឈាន​ឡើង​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ។ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​ដែល​បាន​សន្សំ​ក្នុង​អំ​ឡុង​ពេល​ធ្វើ​ការ​ឈ្នួល បង​ស្រី​បា​នក​សាង​ទម្រង់​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​មួយ​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព បង្ក​បាន​ការ​ងា​រធ្វើ​សម្រាប់​ពល​ករ​នៅ​ជន​បទ និង​រួម​ចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ។ លោក​មុនី បញ្ជាក់៖ "ការ​ខិត​ខំ​ប្រឹង​ប្រែង​និង​ឆន្ទៈ​ឈាន​ឡើង​ចាក​ភាព​ក្រី​ក្រ​របស់​បង​ស្រី​កឹមតៀង មិន​ត្រឹម​តែ​ជួយ​ឱ្យ​គ្រួ​សារ​មាន​ជីវ​ភាព​ធូរ​ធារ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​បង្ក​ឱ​កាស​ការ​ងា​រសម្រាប់​ប្រ​ជា​ជន​ក្នុង​តំ​បន់​ដែល​ជា​គំ​រូ​ល្អ​គួរ​រៀន​សូ​ត្រ​និង​ផ្សព្វ​ផ្សាយ​ក្នុង​ចលនា​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ"។

ដោយ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ឥត​ឈប់​ឈរ អ្នក​ស្រី​បាន​សន្សំ​បទ​ពិ​សោធន៍​ដ៏​មាន​តម្លៃ​ជា​ច្រើន​ក្នុង​អំ​ឡុង​ពេល​ធ្វើ​ការ​ឈ្នួល ដើម្បី​មាន​ទំនុក​ចិត្ត​ក្នុង​ការវិ​និយោគ និង​បង្កើត​មូល​ដ្ឋាន​ផលិត​នំ​ប៉័ង រួម​ចំណែក​បង្ក​ការ​ងា​រធ្វើ​និង​ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​នៅ​ភូមិ​ភាគ៕

អត្ថ​បទ​, រូប​ថត​៖ ពេជ្រ សឿន​