វត្តស្រឡូងតាមកំណត់ហេតុរបស់វិទ្យាករវឿងហុងសេននិងស្នាព្រះហស្ថព្រះឧបជ្ឈាយ៍តាំងឌុច
Thứ ba, 09/06/2026, 01:01

ស្ថិត​នៅ​សង្កាត់​មី​ស្វៀង ទី​ក្រុង​កឹង​ធើ វត្ត​ស្រ​ឡូង​គឺ​ជា​វត្ត​មួយ​ល្បី​ល្បាញ​មាន​លក្ខណៈ​ពិ​សេស​គឺ​ព្រះ​វិ​ហារ​បិទ​ដោយ​អំ​បែង​ចាន បង្ក​ជា​សម្រស់​ប្លែក​ភ្នែក និង​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​យ៉ាង​ច្រើន​កុះ​ករ​មក​ទស្ស​នា។ មុន​ពេល​ក្លាយ​ជា​កន្លែង​ទេស​ចរណ៍ ទិដ្ឋ​ភាព​នៃ​វត្ត​នេះ​តាម​ចំ​ណារ​យ៉ាង​រស់​រវើក​តាម​រយៈ​ទំ​ព័រ​កំ​ណត់​ហេតុ​របស់​វិ​ទ្យា​ករ​វឿង​ហុង​សេន។ ច្រើន​ទស​វត្សរ៍​ក្រោយ​មក ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ​ឧបជ្ឈាយ៍ សុ​វណ្ណ​បញ្ញា តាំង​ឌុច វត្ត​នេះ​ត្រូវ​បាន​កសាង​ឡើង​ជា​មួយ​នឹង​រូប​រាង​ដ៏​ពិ​សេស រួម​ចំ​ណែក​បង្កើត​នូវ​កេរ្តិ៍​ឈ្មោះ​នៃ​វត្ត​ស្រ​ឡូង​នា​ពេល​បច្ចុប្បន្ន​នេះ។

វត្ត​ស្រ​ឡូង​តាម​រយៈ​ការ​ចង​ចាំ​របស់​វិទ្យា​ករ​វឿង​ហុង​សេន

វិទ្យា​ករ​វឿង​ហុង​សេន (១៩០២ – ១៩៩៦) កើត​និង​ធំ​ដឹង​ក្តី​នៅ​ខេត្ត​សុក​ត្រាំង (បច្ចុប្បន្ន​គឺ​ទី​ក្រុង​កឹង​ធើ) ដែល​ជា​កន្លែង​មាន​វប្ប​ធម៌​ចម្រុះ​គ្នា​នៃ​សហ​គមន៍​ជន​ជាតិ​ទាំង​៣​គឺ​កិញ ខ្មែរ ហ្វា ដូច្នេះ​តាំង​ពី​កុមារ​ភាព លោក​មាន​ឱកាស​ស្វែង​យល់​ពី​ទំ​នៀម​ទម្លាប់ ជំ​នឿ និង​វប្ប​ធម៌​ប្រ​ពៃ​ណី​ដ៏​វិសេស​វិសាល​នៃ​ស្រុក​កំ​ណើត​របស់​លោក។ ក្នុង​នោះ វត្ត​អា​រាម​ខ្មែរ​រួម​ជា​មួយ​នឹង​ជីវ​ភាព​សា​ស​នា បាន​បន្សល់​ទុក​នូវ​អនុ​ស្សាវ​រីយ៍​យ៉ាង​ជ្រាល​ជ្រៅ ដែល​លោក​បាន​កត់​ត្រា​ទុក​តាម​រយៈ​កំ​ណត់​ហេតុ និង​ការ​ស្រាវ​ជ្រាវ​នៅ​ពេល​ក្រោយៗ​មក។

លោក​បាន​អ្នក​ជំ​នាញ​លើក​តម្កើង​ជា​អ្នក​ស្រាវ​ជ្រាវ​មាន​ចំ​ណេះ​ដឹង​ជ្រាល​ជ្រៅ ជា​អ្នក​ប្រ​មូល​វត្ថុ​បុ​រាណ និង​ជា​បុគ្គល​ឆ្នើម​ផ្នែក​ស្រាវ​ជ្រាវ​វប្ប​ធម៌។ ស្នា​ដៃ​ដ៏​ល្បី​ល្បាញ​របស់​លោក​ដូច​ជា សាយ​ហ្គន​សម័យ​ដើម ជាង​ពាក់​កណ្តាល​ជី​វិត​អ​សារ​បង់ រឿង​ចាស់​នៅ​សុក​ត្រាំង, វចនា​នុក្រម​ភា​សា​ភាគ​ខាង​ត្បូង​។ល។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​នៅ​តែ​ជា​ឃ្លាំង​ឯក​សារ​ដ៏​ធំ ឆ្លុះ​បញ្ចាំង​ជាក់​ស្តែង​នូវ​ទំ​នៀម​ទម្លាប់ ​ប្រ​ពៃ​ណី និង​ជីវ​ភាព​រស់​នៅ​របស់​ប្រ​ជា​ជន​នៅ​តំ​បន់​ភាគ​ខាង​ត្បូង។ 

រូបថតវិទ្យាករ វឿងហុងសេន

ក្នុង​ឆ្នាំ ១៩១៤ ពេល​មាន​អា​យុ ១២​ឆ្នាំ កុ​មារ​វឿង​ហុង​សេន​បាន​បួស​សង​គុណ​អ្នក​ម្តាយ​ដែល​ទើប​ទទួល​មរណ​ភាព (ម្តាយ​របស់​លោក​គឺ​កូន​កាត់​វៀត​ណាម ខ្មែរ រស់​នៅ​ភូមិ​ដាយ​តឹម)។ ទោះ​បី​ជា​រយៈ​ពេល​បួស​សង​គុណ​មិន​យូរ​ក៏​ដោយ ប៉ុន្តែ​លោក​បាន​ចង​ចាំ​និង​កត់​ត្រា​ដើម្បី​រៀប​រាប់​ពី​ព្រឹត្តិ​ការណ៍​ពិ​សេស​មួយ​ក្នុង​ជី​វិត​របស់​លោក​នៅ​វត្ត​ស្រ​ឡូង​នា​ដើម​សត​វត្ស​ទី​២០។

យោង​តាម​ឯក​សារ​ដែល​លោក​បាន​រៀប​រាប់ វត្ត​ស្រ​ឡូង​មាន​ទី​តាំង​នៅ​លើម​ហា​វិថី​ជាតិ ថាំង​ឡុង -មិញ​ហាយ (បច្ចុប្បន្ន​ហៅ​ថា​ផ្លូវ​ជាតិ​លេខ​១A) ជុំ​វិញ​វត្ត​មាន​ស្រះ​ចិញ្ចឹម​ត្រី ត្រី​ក្នុង​ស្រះ​ឈូក​ធំ​ប៉ុនៗ​ខ្នើយ​ឱប។ កាល​ណោះ ក្នុង​វត្ត​មាន​ដើម​ក្ងោក​ធំៗ​រាប់​សិប​ដើម នៅ​លើ​ដើម​ឈើ​ទាំង​នោះ​មាន​សត្វ​កុក​ធ្វើ​សំ​បុក​ច្រើន​រាប់​មិន​អស់ ល្ងាច​ហើរ​មក ព្រឹក​ព្រ​លឹម​ស្រាងៗ​ហើរ​ចេញ​ទៅ​រក​ចំ​ណី សំ​ឡេង​សត្វ​បក្សី​យំ​ទ្រ​ហឹង​អឺង​កង​ជាង​ផ្សារ​ណាត់​ទៅ​ទៀត។

លោក​ក៏​បាន​រៀប​រាប់​ពី​រូប​ភាព​ដ៏​ពិ​សេស​មួយ គឺ​នៅ​ពេល​ព្រឹក​ព្រ​លឹម មុន​ពេល​ព្រះ​សង្ឃ​ឡើង​ព្រះ​វិហារ​ថ្វាយ​បង្គំ​ព្រះ មាន​សាម​ណេរ​មួយ​អង្គ​កាន់​ដង​ឫស្សី​វែង ចុង​ពុះ​ជា​ពីរ​ដោយ​មាន​គាប​ដុំ​ឥដ្ឋ​តូច​មួយ ឈរ​នៅ​កណ្តាល​ទី​ធ្លា រួច​គ្រ​វី​ដង​ឫស្សី​ឱ្យ​ចុង​ទាំង​ពីរ​ទង្គិច​គ្នា​ឮ​សូរ​ក្រុកៗ ភ្លាម​នោះ​ហ្វូង​សត្វ​កុក​ក៏​ស្ងាត់​ឈឹង​គ្មាន​ឮ​សូរ​សំ​ឡេង​អ្វី​បន្តិច។ នៅ​ពេល​ព្រះ​សង្ឃ​ថ្វាយ​បង្គំ​ព្រះ​រួច ឱ្យ​តែ​ឃើញ​ព្រះ​សង្ឃ​និមន្ត​ចេញ​ពី​ព្រះ​វិ​ហារ ហ្វូង​សត្វ​កុក​ក៏​ចាប់​ផ្តើម​បញ្ចេញ​សំ​ឡេង​ទ្រ​ហឹង​អឺង​កង​ដូច​ដើម​វិញ។

កំ​ណត់​ហេតុ​នេះ មិន​ត្រឹម​តែ​ឆ្លុះ​បញ្ចាំង​ពី​ស្នាម​ដិត​ក្នុង​វ័យ​កុមារ​ភាព​របស់​វិទ្យា​ករ​វឿង​ហុង​សេន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​ឯក​សារ​ដ៏​មាន​តម្លៃ ឱ្យ​យើង​ដឹង​នូវ​ទិដ្ឋ​ភាព​នៃ​វត្ត​ស្រ​ឡូង​នូវ​ដើម​សត​វត្សរ៍​ទី​២០​ទៀត​ផង។

វត្ត​ស្រ​ឡូង​និង​ស្នា​ព្រះ​ហស្ថ​នៃ​ព្រះ​ឧបជ្ឈាយ៍​តាំង​ឌុច

ព្រះ​ឧបជ្ឈាយ៍​តាំង​ឌុច ត្រូវ​បាន​ចាត់​ទុក​ជា​ព្រះ​ថេរៈ​ល្បី​ល្បាញ​មួយ​អង្គ​នៃ​ព្រះ​ពុទ្ធ​សាស​នា​ថេរ​វាទ​ខ្មែរ​នា​សត​វត្សរ៍​ទី​២០។ ព្រះ​អង្គ​ប្រ​សូត​នៅ​ឆ្នាំ​១៩០៩ នៅ​ភូមិ​ចាក​ទទឹង ឃុំ​តាយ​វ៉ាំង ទី​ក្រុង​កឹង​ធើ។ ព្រះ​អង្គ​គឺ​ជា​ព្រះ​សង្ឃ​ដែល​ពោរ​ពេញ​ដោយ​គុណ​ធម៌ និង​ជា​អ្នក​ផ្តួច​ផ្តើម​គំ​និត​សាង​សង់​ព្រះ​វិហារ​វត្ត​ស្រ​ឡូង​ដោយ​ស្ថា​បត្យ​កម្ម​ដ៏​ប្លែក និង​ល្បី​ល្បាញ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស។

ព្រះឧបជ្ឈាយ៍តាំងឌុច

ព្រះ​អង្គ​បួស​នៅ​ឆ្នាំ​១៩២៧ និង​បំ​ពេញ​ឧប​សម្ប​ទា​ជា​ភិក្ខុ​១​ឆ្នាំ​ក្រោយ​មក​នៅ​វត្ត​ហ្លួង​បា​សាក់​បាយ​ឆៅ នៅ​សង្កាត់​មី​ស្វៀង។ ក្នុង​រយៈ​ពេល​បួស​រៀន ព្រះ​អង្គ​បាន​សិក្សា​កម្ម​ដ្ឋាន​ជា​មួយ​ព្រះ​វិ​បស្ស​នា​ចារ្យ​នឹង​ចេះ​ចាំ​គម្ពីរ​ព្រះ​ត្រៃ​បិ​ដក។

ឆ្នាំ​១៩៤៧ បន្ទាប់​ពី​ព្រះ​ចៅ​អធិ​ការ​ថាច់​ជា អនិច្ច​ធម្ម ដោយ​សារ​គ្មាន​ព្រះ​សង្ឃ​អង្គ​ណា​មាន​វស្សា​ចាស់​គ្រប់​គ្រាន់​ដើម្បី​ទទួល​បន្ទុក​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ​បន្ត ព្រះ​សង្ឃ និង​ពុទ្ធ​បរិ​ស័ទ​ចំ​ណុះ​ជើង​វត្ត​ស្រ​ឡូង​បាន​និមន្ត​ព្រះ​អង្គ​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ ហើយ​ព្រះ​អង្គ​ក៏​ជា​ព្រះ​ចៅ​អធិ​ការ​ទី​៩ នៃ​វត្ត​នេះ​ទៅ។

បន្ទាប់​ពី​ទទួល​តំ​ណែង​ជា​ព្រះ​ចៅ​អធិ​ការ នៅ​ឆ្នាំ​១៩៥០ ព្រះ​អង្គ​បាន​គូរ​ប្លង់​ដោយ​ផ្ទាល់ និង​ដឹក​នាំ​ការ​សាង​សង់​កុដិ​ធ្វើ​ពី​បេ​តុង​ពីរ​ជាន់ ប្រ​វែង​ជាង​២០​ម៉ែត្រ ខាង​លិច​ផ្នែក​ខាង​ក្រោយ​ព្រះ​វិ​ហារ។ សំ​ណង់​នេះ​បាន​សម្រេច​ក្រោយ​រយៈ​ពេល​សាង​សង់​៥​ឆ្នាំ ដោយ​មាន​ការ​ចូល​រួម​ពី​ពុទ្ធ​បរិ​ស័ទ​គ្រប់​ទិស​ទី។

 

ព្រះវិហារវត្តស្រឡូង

ឆ្នាំ​១៩៥៥ ព្រះ​អង្គ​ផ្តួច​ផ្តើម​ជួស​ជុល​ព្រះ​វិ​ហារ​ដែល​ចាស់​ទ្រុឌ​ទ្រោម​យ៉ាង​ខ្លាំង។ ប៉ុន្តែ​ដោយ​សារ​តែ​ស្ថាន​ភាព​សង្គ្រាម​និង​ខ្វះ​ថវិ​កា បាន​ជា​ព្រះ​វិ​ហារ​នេះ​បាន​ត្រឹម​តែ​ចាក់​ដី​លើក​ខឿន​ឱ្យ​ខ្ពស់​ប៉ុណ្ណោះ។

ក្នុង​ព្រឹត្តិ​ការណ៍​តេត​ម៉ូវ​ថឹង ឆ្នាំ​១៩៦៨ អា​មេ​រិក​ទម្លាក់​គ្រាប់​បែក និង​បាញ់​រ៉ុក​កែត​ចូល​ក្នុង​វត្ត​ធ្វើ​ឱ្យ​ខូច​ខាត​សំ​ណង់​ជា​ច្រើន ក្នុង​នោះ​មាន​ព្រះ​វិហារ​ធ្វើ​ពី​ឈើ​ផង​ដែរ។ ហេតុ​ដូច្នេះ ព្រះ​ឧបជ្ឈាយ៍​តាំង​ឌុច បាន​រួម​ជា​មួយ​ព្រះ​សង្ឃ គណៈ​កម្ម​ការ​វត្ត និង​ពុទ្ធ​បរិ​ស័ទ ឯក​ភាព​គ្នា​សាង​សង់​ព្រះ​វិហារ​ថ្មី ដែល​ព្រះ​អង្គ​រចនា​ប្លង់​និង​ចូល​រួម​សាង​សង់​ដោយ​ផ្ទាល់។

នៅ​ពេល​ដែល​សំ​ណង់​ឈាន​ចូល​ដល់​ដំ​ណាក់​កាល​ចុង​ក្រោយ វត្ត​មាន​ការ​លំ​បាក​ជា​ច្រើន​ក្នុង​ការ​ស្វែង​រក​ទិញ​ឥដ្ឋ និង​សម្ភារៈ​សាង​សង់។ ម៉្លោះ​ហើយ ព្រះ​អង្គ​មាន​គំ​និត​ផ្តួច​ផ្តើម​យក​អំ​បែង​ចាន​មក​បិទ​លើ​ដំ​បូល និង​ផ្នែក​ផ្សេងៗ​ទៀត​នៃ​ព្រះ​វិ​ហារ។ ក្នុង​អំ​ឡុង​ពេល​សាង​សង់ ពុទ្ធ​បរិ​ស័ទ​យ៉ាង​ច្រើន​កុះ​ករ​ចូល​រួម​កម្លាំង តាំង​ពី​ការ​ជីក​ដី កាត់​ចាន រហូត​ដល់​ការ​ប្រ​គេន​វត្ថុ​ធាតុ​ដើម​បម្រើ​ដល់​ការ​សាង​សង់។

ប៉ុន្តែ នៅ​ពេល​ដែល​សំ​ណង់​ជិត​សម្រេច ព្រះ​ឧបជ្ឈាយ៍​តាំង​ឌុច មាន​អា​ពាធ​ធ្ងន់ និង​ទទួល​អ​និច្ច​ធម្ម​នៅ​ឆ្នាំ​១៩៨៤។ ដើម្បី​បន្ត​សម្រេច​បំ​ណង​របស់​ព្រះ​អង្គ វត្ត​បាន​និ​មន្ត​ព្រះ​តេជ​គុណ​ក្វាច់​មេង ពី​វត្ត​បាយ​ឆៅ​មក​ធ្វើ​ជា​ព្រះ​ចៅ​អធិ​ការ បន្ត​ការ​សាង​សង់​រហូត​ដល់​ព្រះ​វិ​ហារ​សម្រេច​រួច​រាល់ និង​ប្រា​រព្ធ​ពិ​ធី​បញ្ចុះ​ខណ្ឌ​សី​មា។

ទោះ​បី​ជា​មិន​ទាន់​បាន​ឃើញ​សំ​ណង់​ព្រះ​វិហារ​រួច​រាល់​ក៏​ដោយ ប៉ុន្តែ​ព្រះ​ឧបជ្ឈាយ៍​តាំង​ឌុច បាន​បន្សល់​ទុក​នូវ​កេរ​ដំ​ណែល​ស្ថា​បត្យ​កម្ម​ដ៏​វិសេស​វិសាល ព្រម​ទាំង​បន្សល់​ទុក​នូវ​ស្មារតី​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌​សម្រាប់​មនុស្ស​ជំ​នាន់​ក្រោយ។

បច្ចុប្បន្ន ដោយ​ស្មារ​តី​អភិ​រក្ស​នូវ​សិល្បៈ​វប្ប​ធម៌​ដ៏​ល្អ​ឯក​របស់​ជាតិ ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រ​ឡូង​គ្រប់​ជំ​នាន់ រួម​ជា​មួយ​នឹង​គណៈ​កម្ម​ការ​វត្ត បាន​រួម​គ្នា​ថែ​រក្សា​ឱ្យ​កាន់​តែ​អភិ​វឌ្ឍន៍ កសាង​វត្ត​ស្រ​ឡូង​ទៅ​ជា​វត្ត​ដ៏​ល្បី​ល្បាញ​មួយ​ដោយ​មាន​ស្ថា​បត្យ​កម្ម​ដ៏ពិ​សេស ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ទាំង​ក្នុង​និង​ក្រៅ​ប្រ​ទេស​មក​ទស្ស​នា៕

វឌ្ឍា