ស្អំកន្សែងត្រជាក់លើរាងកាយ និងផឹកទឹក អំបិលស្រាលៗ ទឹកម្សៅដំឡូង ទឹកអំពៅ ឬទឹកត្រឡាចជាវិធីសាមញ្ញៗ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការជួយបន្ថយនិងព្យាបាលអាការៈពុលកម្ដៅថ្ងៃ។

ស្អំកន្សែងត្រជាក់ ឬទឹកកកនៅតំបន់កក្លៀក និងក្រលៀន អាចជួយបន្ថយសីតុណ្ហភាពរាងកាយបានយ៉ាងឆាប់រហ័សសម្រាប់អ្នកដែលពុលកម្ដៅថ្ងៃ។ រូបថត៖ Examiner
វេជ្ជបណ្ឌិត ហ្វិញតឹងវ៉ូវ ប្រធានអង្គភាព ព្យាបាលពេលថ្ងៃនៃមន្ទីរពេទ្យមហាវិទ្យាល័យឱសថសាស្ត្រទីក្រុងហូជីមិញ សាខាទី ៣ បានឱ្យដឹង អាការៈពុលកម្ដៅថ្ងៃ ជាធម្មតាកើតឡើងនៅពេលមនុស្សម្នាក់ធ្វើការ ឬដើរនៅក្រោមពន្លឺថ្ងៃយូរពេក។ សីតុណ្ហភាពខាងក្រៅខ្ពស់ពេក និងពន្លឺថ្ងៃខ្លាំងនៅរដូវក្តៅចាំងមកចំ ប៉ះមកលើម្ដុំកញ្ចឹងក ជាមជ្ឈមណ្ឌលសម្រួលសីតុណ្ហភាព រាងកាយបណ្ដាលឱ្យវិបត្តិប្រព័ន្ធសម្រួលសីតុណ្ហភាពរាងកាយនិងធ្វើឱ្យខ្វះជាតិទឹកភ្លាមៗ។
ការពុលកម្ដៅថ្ងៃអាចកើតរួមជាមួយអាការៈពុលកម្ដៅ អាចបណ្តាលឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ ដែលអាចស្ដារឡើងវិញបាន ឬក៏មិនអាចស្ដារឡើងវិញបាន។ ពុំនោះសោត មានករណីខ្លះក៏អាចកកឈាមក្រោមស្រទាប់សំបកខួរក្បាលនិងនៅក្នុងខួរក្បាល។
អាការៈដែលងាយសង្កេតឃើញបំផុត នៅពេលពុលកម្ដៅថ្ងៃ គឺសីតុណ្ហភាពរាងកាយកើនឡើង។ នៅពេលសីតុណ្ហភាពរាងកាយកើនឡើង បណ្ដាលឱ្យបែកញើសខ្លាំងធ្វើឱ្យរាងកាយបាត់ជាតិទឹក។ ប្រសិនបើមិនបានបំពេញជាតិទឹកបានទាន់ពេល រាងកាយបន្ថយបរិមាណចរន្តឈាម បណ្ដាលឱ្យខ្សោយសរសៃឈាមបេះដូង អតុល្យភាពអេឡិចត្រូលីតយ៉ាងធ្ងន់ធ្ងរ អាចបណ្ដាលឱ្យបាត់បង់ជីវិតបាន។ ក្រៅពីនោះ ការកើនឡើងខ្ពស់នៃសីតុណ្ហភាពរាងកាយនឹងបណ្ដាលឱ្យមានវិបត្តិដល់មុខងាររបស់សរីរាង្គផ្សេងៗ ដូចជា ប្រព័ន្ធបេះដូង សរសៃឈាម ប្រព័ន្ធដង្ហើម និងប្រព័ន្ធសរសៃប្រសាទ។
តាមប្រសាសន៍វេជ្ជបណ្ឌិតវ៉ូវ អាការៈនៃការពុលកម្ដៅថ្ងៃនិងពុលកម្ដៅ អាចប្រែប្រួលទៅតាមកម្រិតនៃការកើនឡើងសីតុណ្ហភាពរាងកាយនិងរយៈពេលពុល។ សញ្ញាស្រាលនៅដំណាក់កាលដំបូង មានដូចជា បេះដូងលោតលឿន ដកដង្ហើមលឿន មានអាការៈញ័រទ្រូង បន្ទាប់មកកើតមានអារម្មណ៍នឿយហត់ វិលមុខ ស្រវាំងភ្នែក ឈឺក្បាល រសោះដៃជើង មានការរំញោចស្រាលៗ ពិបាកដង្ហើម និងអាចមានអាការៈរមួលសាច់ដុំ។ល។ ហើយករណីធ្ងន់ធ្ងរអាចបណ្ដាលឱ្យដួលសន្លប់បាត់ស្មារតី ប្រព័ន្ធសរសៃឈាមបេះដូងធ្លាក់ចុះ ហើយអាចបណ្ដាលឱ្យបាត់បង់ជីវិតបាន។
អ្វីដែលត្រូវធ្វើភ្លាមៗ នៅពេលជួបអ្នកពុលកម្ដៅថ្ងៃប្រសិនបើមិនទាន់មានការជួយពីបុគ្គលិកសុខាភិបាល ឬមធ្យោបាយវេជ្ជសាស្ត្រ គឺត្រូវព្យាយាមបន្ថយសីតុណ្ហភាពរាងកាយរបស់អ្នករងគ្រោះឱ្យបានឆាប់រហ័ស។ ដោយបញ្ជូនអ្នករងគ្រោះទៅកន្លែងត្រជាក់ មានខ្យល់ចេញចូលល្អ។ បន្ទាប់មក ដោះសម្លៀកបំពាក់ចេញខ្លះៗ អោយគាត់ផឹកទឹកត្រជាក់លាយអំបិលបន្តិច ហើយស្អំកន្សែងត្រជាក់ ឬទឹកកកនៅតាមតំបន់ដែលមានសរសៃឈាមធំៗនៅជិតស្បែក ដូចជា ក្លៀកក្រលៀននិងក។
ប្រសិនបើអ្នករងគ្រោះសន្លប់ មិនអាចផឹកទឹកបាន ឬក្អួតជាបន្តបន្ទាប់សីតុណ្ហភាពរាងកាយកើនឡើងជាបន្តបន្ទាប់ និងមានរោគសញ្ញាដូចជា ឈឺពោះ ឈឺទ្រូង ឬពិបាកដង្ហើម ត្រូវបញ្ជូនអ្នករងគ្រោះទៅកាន់មូលដ្ឋានសុខាភិបាលដែលនៅជិតបំផុតឱ្យបានឆាប់រហ័ស។ ក្នុងអំឡុងពេលបញ្ជូន ត្រូវបន្តស្អំកន្សែងត្រជាក់ឱ្យអ្នករងគ្រោះ។ នៅតាមមូលដ្ឋានសុខាភិបាល អ្នកជំងឺនឹងបានបញ្ចូលទឹកនិងសារធាតុអេឡិចត្រូលីតជំនួស ព្រមទាំងអនុវត្តវិធានការជំនួយផ្សេងៗទៀត អាស្រ័យទៅលើស្ថានភាពអាការៈរបស់អ្នកជំងឺ។
វេជ្ជបណ្ឌិតវ៉ូវ បានផ្ដល់អនុសាសន៍នូវគន្លឹះមួយចំនួន និងឱសថបុរាណដើម្បី “ជួយខ្លួនឯង” និងសមាជិកគ្រួសារនៅពេលពុលកម្ដៅថ្ងៃ ឬពុលកម្ដៅ តាមវិធីសាមញ្ញនិងមានប្រសិទ្ធភាព។ ឧទាហរណ៍ អាចយកម្សៅដំឡូងលាយជាមួយទឹកពុះទុកឱ្យត្រជាក់ បន្ថែមស្ករ រួចផឹក ដើម្បីជួយឱ្យរាងកាយអ្នកពុលកម្ដៅថ្ងៃ មានអារម្មណ៍ត្រជាក់ និងធូរស្រាលឡើង។ ក៏អាចប្រើផ្លែឈើមួយចំនួន ដូចជា កិនផ្លែត្រឡាចដែលបានចិតសំបករួច យកតែទឹក បន្ថែមអំបិលបន្តិច ឬយកផ្លែម្រះស្រស់មួយផ្លែ យកគ្រាប់ចេញ រួចស្ងោរយកទឹកផឹក; ផឹកទឹកក្រូចច្របាច់ ទឹកឪឡឹក ទឹកត្រសក់ ឬទឹកអំពៅ។ លើសពីនេះ ស្លឹកជីស្វាយ និងស្លឹកម៉ាដេ បុកឱ្យម៉ត់ រួចលាយជាមួយទឹកឱ្យខាប់បន្តិច ហើយផឹក ក៏អាចជួយបំបាត់កម្ដៅ និងជួយបន្ថយអាការៈពុលកម្ដៅថ្ងៃបានយ៉ាងឆាប់រហ័សផងដែរ។
ដើម្បីការពារពុលកម្ដៅថ្ងៃ និងពុលកម្ដៅក្នុងរដូវក្តៅ វេជ្ជបណ្ឌិត បានផ្ដល់អនុសាសន៍ ប្រជាជនកុំធ្វើការងារ ធ្វើដំណើរ ឬហាត់ប្រាណនៅក្រោមពន្លឺថ្ងៃយូរពេក ឬនៅក្នុងបរិយាកាសក្តៅខ្លាំង។ គួរផឹកទឹកឱ្យបានច្រើន ធ្វើការងារក្រោមពន្លឺថ្ងៃ ត្រូវពាក់សម្លៀកបំពាក់ការពារមួក និងវ៉ែនតាការពារកម្ដៅថ្ងៃឱ្យបានសមស្រប៕
ប្រភព៖ vnexpress.net - ពេជ្រសឿន