សុក្រ ថ្ងៃទី 27/03/2026
ធ្វើ​ជ្រក់​ផ្លែ​ល្វា​ជូរ​ហឹរ ជួយ​បំ​បាត់​ការ​ណាយ​ម្ហូប​អា​ហារ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម
Thứ sáu, 13/02/2026, 06:31

សម្រាប់​ស្ត្រី​មេផ្ទះ​អា​ចនឹង​ស្វែង​យល់​វិធី​ធ្វើ​ជ្រក់​ផ្លែ​ល្វា រស​ជាតិ​ ជូរអែម​និង​ហឹរ​តិចៗ​ ធ្វើ​ឱ្យ​មាន​តុល្យ​ភាព​រស​ជាតិ​សម្រាប់​ម្ហូប​អា​ហារ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។​

ធ្វើ​ជ្រក់​ផ្លែ​ល្វា​រស​ជាតិ​ជូរ​ហឹរ បំ​បាត់​ការ​ណាយ​ម្ហូប​អា​ហារ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម។​ រូប​ថត​៖ ធូ​ហឿង

បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម​ជិត​មក​ដល់​ការ​រៀប​ចំ​មុខ​ម្ហូប​ ឆ្ងាញ់​សម្រាប់​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ក៏​បាន​ស្ត្រី​មេ​ផ្ទះ​ជា​ច្រើន​យក​ចិត្ត​ទុក​ដាក់។​ ក្នុង​ចំ​ណោម​មុខ​ម្ហូប​ទាំង​នោះ មាន​ជ្រក់​ហូប​ផ្ទាប់ ជួយ​បំ​បាត់​ការ​ណាយ​ម្ហូប​អា​ហារ​ ឧទា​ហរណ៍​ ដូច​ជា​ ជ្រក់ ផ្លែ​ល្វា​រស​ជាតិ​ហឹរ​ជូរ​អែម ស្រួយ ជា​មុខ​ម្ហូប​កំ​ពុង​ពេញ​និយម។​

ដើម្បី​ធ្វើ​បាន​ជ្រក់​ផ្លែ​ល្វា​មួយ​ក្រ​ឡ​យ៉ាង​ឆ្ងាញ់​សម្រាប់​គ្រួ​សារ​ ទទួល​ទាន​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​វៀត​ណាម ស្ត្រី​មេ​ផ្ទះ​គួរ​ត្រៀម​គ្រឿង​ផ្សំ​ រួម​មាន​ផ្លែ​ល្វា​ស្រស់១​គីឡូ​ក្រាម (គួរ​ជ្រើស​យក​ផ្លែ​ល្វា​តូច ដើម្បី​ឱ្យ​មាន​កម្រិត​ស្រួយ​និង​ចត​តិច​ជាង​ល្វា​ធំ) ខ្ទឹម​ស ២ មើម រំដេង ១ មើម​តូច ម្ទេស​ដៃ​នាង​ពី​ ៥​-៧ ផ្លែ។​

ចំ​ណែក​គ្រឿង​ទេស​សម្រាប់​ធ្វើ​ទឹក​ត្រាំ រួម​មាន៖ ទឹក​ស្អាត ១ លីត្រ អំ​បិល​គ្រាប់​ស្ករស​និង​ទឹក​ខ្មេះ​អង្ករ (ឬ​ទឹក​ក្រូច​ឆ្មារ)។​

ការ​ច្នៃ​ផ្លែ​ល្វា​បណ្ដោះ​អា​សន្ន គឺ​ជា​កត្តា​កំ​ណត់​នូវ​ពណ៌​និង​កម្រិត ស្រួយ​របស់​ផលិត​ផល​ជ្រក់។​ ហេតុ​នេះ​ ពេល​ទិញ​ផ្លែ​ល្វា​មក​ត្រូវ​បេះ​ទង​ចេញ​ លាង​ឱ្យ​ជ្រះ។​ ត្រៀម​ក្លាំ​ទឹក​មួយ​ដែល​លាយ​អំ​បិល​១​ស្លាប​ព្រា​និង​ទឹក​ក្រូច​ឆ្មារ​ ១ ផ្លែ។​ ហាន់​ផ្លែ​ល្វា​ជា​ចំ​ណិត​ស្តើង​ៗ ឬ​ពុះ​ជា​ពីរ​តាម​ការ​ចូល​ចិត្ត​ រួច​ដាក់​ត្រាំ​ក្នុង​ទឹក​ដែល​បាន​ត្រៀម​នោះ។​

ការ​ត្រាំ​ផ្លែ​ល្វា​ក្នុង​ទឹក​អំ​បិល​និង​ទឹក​ក្រូច​ឆ្មារ ក្នុង​រយៈ​ពេល​ពី​  ២០-៣០ នាទី​ជួយ​ជម្រះ​ជ័រ បំ​បាត់​រស​ជាតិ​ចត់​និង​រក្សា​សាច់​ផ្លែ​ល្វា​នៅ​សស្អាត មិន​ជាំ​ខ្មៅ។​ បន្ទាប់​មក ស្រង់​ផ្លែ​ចេញ​លាង​ទឹក​ឱ្យ​បាន​ច្រើន​ដង រួច​ទុក​ឱ្យ​ស្រក់​ទឹក។​

ក្នុង​ពេល​រង់​ចាំ​ផ្លែ​ល្វា​ស្ងួត​ទឹក​ លោក​អ្នក​យក​គ្រឿង​ផ្សំ​លាង សម្អាត ដូច​ជា៖ បក​សំ​បក​ខ្ទឹមស រួច​ហាន់​ជា​ចំ​ណិត​ស្តើងៗ យក​ម្ទេស​លាង​ឱ្យ​ស្អាត កាត់​ជា​កង់ៗ​ឬ​ទុក​ទាំង​មូល​ក៏​បាន​ រីឯ​រំ​ដេង កោស​សំ​បក រួច​ហាន់​ជា​សរ​សៃ​ឬ​ហាន់​ជា​ចំ​ណិត​ស្តើងៗ ដើម្បី​បង្កើន​ក្លិន​ឈ្ងុយ​ប្រ​ហើរ​។​

ទឹក​ត្រាំ​ជ្រក់ ត្រូវ​បាន​លាយ​ផ្សំ​នឹង​ទឹក​ស្អាត​ដាំ​ពុះ ១ លីត្រ​ បង់​បន្ថែម​ស្ករ​ស​ អំ​បិល​និង​ទឹក​ខ្មេះ​តាម​អត្រា​ដែល​បាន​កំ​ណត់។​ កូរ​ គ្រឿង​ទេស​ឱ្យ​រលាយ​សព្វ​ រួច​បិទ​ភ្លើង​ចង្ក្រាន​ទុក​ឱ្យ​ត្រ​ជាក់។​ ស្ត្រី​ មេផ្ទះ​គួរ​ចំ​ណាំ ទឹក​ត្រាំ​ត្រូវ​ទុក​ឱ្យ​ត្រ​ជាក់​ត្រឹម​ត្រូវ​ ទើប​ចាក់​ចូល​ក្រ​ឡ​ត្រាំ​ជ្រក់​ដើម្បី​កុំ​ឱ្យ​ផ្លែ​ល្វា​ទន់​ជ្រាយ។​

បន្ទាប់​មក​ រៀប​ដាក់​ផ្លែ​ល្វា​មួយ​ស្រ​ទាប់​ រួច​ដាក់​ខ្ទឹម​ស ម្ទេស​និង​រំដេង​មួយ​ស្រ​ទាប់​ឆ្លាស់​គ្នា​ក្នុង​ក្រ​ឡ​កែវ​ស្អាត​ (ដែល​បាន​លាង​ដោយ​ទឹក​ពុះ និង​ទុក​ឱ្យ​ស្ងួត)។​ ចាក់​ល្បាយ​ទឹក​ត្រាំឱ្យ​លិច​ផ្លែ​ល្វា។​ យក​បន្ទះ​ឫស្សី ឬ​ប្រ​ទាស​សង្កត់​ខ្ទាស់​ឱ្យ​ជាប់ ដើម្បី​ធានា​ផ្លែ​ល្វា លិច​ក្នុង​ទឹក​ជា​និច្ច ជៀស​វាង​ស្ថាន​ភាព​ផ្អូម​ដុះ​ផ្សិត​ឬ​ជាំ​ខ្មៅ។​

ដាក់​ក្រ​ឡ​ជ្រក់​នៅ​កន្លែង​ត្រ​ជាក់​ ក្រោយ​រយៈ​ពេល​ពី ២-៣ ថ្ងៃ​ ពេល​ផ្លែ​ល្វា​ប្រែ​ទៅ​ជា​ពណ៌​លឿង​ស្រ​អាប់ គឺ​អាច​ទទួល​ទាន​បាន។​ ជ្រក់​ឆ្ងាញ់​ស្រួយ មាន​រស​ជាតិ​ជូរ ហឹរ ប្រៃ​និង​ផ្អែម​ល្មម​ហូប​ គ្មាន​នៅ​ជាតិ​ចត់។​ មុន​នឹង​ទទួល​ទាន​ អាច​លាយ​គ្រឿង​ផ្សំ​ទឹក​ម្ទេស​បន្តិច ឬ​ជីរ​ដើម្បី​បង្កើន​រស​ជាតិ​ឆ្ងាញ់៕

                                           ប្រ​ភព៖ laodong.vn - មុនី