ជាច្រើនឆ្នាំមកនេះ បណ្តាអង្គការសមាគម និងអង្គការមហាជននៅលើភូមិឋានទីក្រុងកឹងធើ កំពុងសាយភាយយ៉ាងខ្លាំងនូវការចលនាការពារបរិស្ថានតាមរយៈសកម្មភាពជាក់ស្តែង និងមានប្រយោជន៍ជាច្រើនដូចជា៖ ការកាប់ឆ្ការស្មៅ ដាំផ្កា ប្រមូលសំរាមជាដើម។ សកម្មភាពទាំងនេះបានរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សាទេសភាព កសាងបរិស្ថានបៃតង ជ្រះ ស្អាត និងលើកកម្ពស់ជាបណ្តើរៗនូវគុណភាពនៃការរស់នៅក៏ដូចទិដ្ឋភាពភូមិស្រុក។

សមាជិកសម្ព័ន្ធយុវជនឃុំអាងនិញ សកម្មចូលរួមបោសសម្អាត ដាំផ្កាតាមដងផ្លូវជនបទ។
ចំពោះបងត្រឹងថាញ់ស៊ើងលេខាសាខាសម្ព័ន្ធយុវជនភូមិកំពង់ទ្រព្យអា ឃុំអាងនិញ ការពារបរិស្ថានចាប់ផ្តើមពីសកម្មភាពតូចតាចបំផុត ប៉ុន្តែមានប្រយោជន៍ជាក់ស្តែង។ បងស៊ើងព្រមទាំងសមាជិកសម្ព័ន្ធយុវជន តែងចេញយុទ្ធនាការធ្វើអនាម័យ ធ្វើស្មៅនិងថែទាំដងផ្លូវផ្កានៅក្នុងឃុំ។ ទន្ទឹមនឹងនោះ បងក៏បានផ្សព្វផ្សាយដល់ប្រជាជនដាក់សំរាមឱ្យបានត្រឹមត្រូវ។ បងស៊ើងបានចែករំលែក៖ "ខ្ញុំទើបតែបានចូលរួមក្នុងការចលនា” ទូទាំងប្រជាជនព្រួតដៃគ្នាការពារបរិស្ថាន ដើម្បីវៀតណាមបៃតង-ជ្រះ-ស្អាត“ តាមរយៈសកម្មភាពប្រមូលនិងរើសកាកសំណល់ជ័រ ព្រមទាំងដាំដើមផ្កាលម្អចំនួន ៣០០ ដើមតាមបណ្តោយផ្លូវស្រុក លេខ ៩០ រួមចំណែកធ្វើឱ្យទេសភាពជនបទកាន់តែមានសោភ័ណភាពស្អាត និងបៃតងថែមទៀត"។ តាមរយៈសកម្មភាពដ៏សាមញ្ញរបស់យុវជនជំនាន់ក្រោយនេះ ការយល់ដឹងអំពីការការពារបរិស្ថានកំពុងតែរីកសាយភាយកាន់តែខ្លាំងឡើងនៅក្នុងតំបន់ជនជាតិភាគតិចឃុំអាងនិញ។

សមាគមនារីឃុំធ្វឹងហ្វាសកម្មចូលរួមការចលនា"ទូទាំងប្រជាជនព្រួតដៃការពារបរិស្ថានដើម្បីវៀតណាមស្អាត-បៃតង។
នៅឃុំធ្វឹងហ្វា ការងារការពារបរិស្ថានត្រូវបានកំណត់ជាភារកិច្ចជាប្រចាំ ផ្សារភ្ជាប់ជាមួយនឹងការកសាងមណ្ឌលអាសយជនអរិយធម៌និងអភិវឌ្ឍដោយចីរភាព។ ក្រោយពីអនុវត្តទម្រង់រដ្ឋអំណាចភូមិភាគ ២ ថ្នាក់ សមាគមនារីឃុំតែងរក្សានិងពង្រីកទម្រង់មានប្រសិទ្ធភាពជាច្រើនដូចជា៖ ដងផ្លូវគំរូ ផ្លូវមានសុវត្ថិភាពពីសន្តិសុខសណ្តាប់ធ្នាប់ និងសកម្មភាពការពារបរិស្ថានដែលមានការរួមចំណែកយ៉ាងសកម្មពីសំណាក់សមាជិកានៅភូមិភាគ។ ជាសមាជិកាម្នាក់ដែលចូលរួមការចលនានេះ បងស្រីស៊ើងធីធ្វីឡង នៅឃុំធ្វឹងហ្វា បានឱ្យដឹង៖ "ដោយយល់ដឹងពីសារៈសំខាន់នៃការការពារបរិស្ថាន ដូច្នេះនៅពេលដែលសមាគមនារីឃុំចលនាបោសសម្អាត ធ្វើស្មៅ និងដាំផ្កា ខ្ញុំតែងចូលរួមយ៉ាងសកម្ម។ ទន្ទឹមនឹងនោះ ផ្សព្វផ្សាយ ចលនាបងប្អូនសាច់ញាតិ និងសហគមន៍ឱ្យចូលរួមជាមួយគ្នា ដើម្បីរួមចំណែកថែរក្សាបរិស្ថានរស់នៅឱ្យបានស្អាតបាត"។ ក្នុង៦ខែដើមឆ្នាំ សមាគមនារីឃុំធ្វឹងហ្វា បានបើកយុទ្ធនាការដាំដើមផ្កាលម្អបានចំនួន៤.០០០ដើម ដោយមានប្រវែង ៤.០០០ ម៉ែត្រ ថែទាំផ្កាលម្អចាស់ចំនួន ១.០០០ ដើម និងតែងបើកយុទ្ធនាការសម្អាតផ្លូវផ្កាដែលគ្រប់គ្រងដោយសមាគម ដោយមានសមាជិកាចូលរួមចំនួន ៣៤ នាក់។ បង្កើតនិងរក្សា១ក្លឹប "អនុវត្តស្អាត៣យ៉ាង" ២ក្លឹប "នារីបោសសំរាមសាលាទាន" និង១ក្លឹប "នារីការពារបរិស្ថាន" ។

សមាគមសហព័ន្ធនារីឃុំតឹងហ្វាចេញយុទ្ធនាការអនុវត្តទម្រង់ "ប្រជាចលនាប៉ិនប្រសប់" តាមដងផ្លូវឱ្យកាន់តែស្អាត-បៃតង។
"ក្នុងបណ្តាពេលចេញយុទ្ធនាការអនុវត្តទម្រង់ “ប្រជាចលនាប៉ិនប្រសប់” ជាមួយសំណង់សំខាន់ៗ កសាងដងផ្លូវភ្លឺ-បៃតង-ជ្រះ-ស្អាត ចូលរួមការចលនាប្រឡងប្រណាំង “ទូទាំងប្រជាជនព្រួតដៃការពារបរិស្ថានដើម្បីវៀតណាមបៃតង-ស្អាត”។ សកម្មភាពនេះបានទាក់ទាញកម្មាភិបាល សមាជិកានិងកងកម្លាំងសន្តិសុខចំនួន ៣០ នាក់ នៅលើភូមិឋានឃុំតឹងហ្វាចូលរួមដាំផើងផ្កាលម្អចំនួន ២០០ ផើង ប្រមូលសំរាមនិងកាប់ឆ្ការស្មៅជាមួយថវិកាជាង ៩ លានដុង។ តាមរយៈនោះ បានបង្ហាញពីស្មារតីសាមគ្គីភាពការទទួលខុសត្រូវ និងតួនាទីស្នូលរបស់សមាគមនារីឃុំ ក្នុងការចលនាកសាងជនបទថ្មីទំនើប" - បងស្រីប៊ុយធីហុងថើម ប្រធានសមាគមនារីឃុំតឹងហ្វា បានឱ្យដឹងដូច្នេះ។
ការចលនាប្រឡងប្រណាំង "ទូទាំងប្រជាជនព្រួតដៃការពារបរិស្ថានដើម្បីវៀតណាមបៃតង - ជ្រះ - ស្អាត” គឺជាសកម្មភាពដែលមានអត្ថន័យជាក់ស្តែង រួមចំណែកលើកកម្ពស់ការយល់ដឹងនិងទំនួលខុសត្រូវរបស់កម្មាភិបាល បក្ខជន និងប្រជាជនអំពីការងារការពារបរិស្ថាន។ នេះក៏ជាឱកាសដើម្បីពង្រីកកម្លាំងរបស់ប្រព័ន្ធនយោបាយទាំងមូលក្នុងការកសាងបរិស្ថានរស់នៅបៃតង ស្អាត ឆ្ពោះដល់ទិសដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងកសាងទីក្រុងកឹងធើកាន់តែអរិយធម៌ និងទំនើប៕
ថាញ់វ៉ាង-ដាលីន