សៅរ៍ ថ្ងៃទី 28/03/2026
ទៅ​កូវ​ឡាវ​យ៉ុង ទស្ស​នា​កសិដ្ឋាន​ជីវ​ចម្រុះ​អប្សរា
Thứ sáu, 27/03/2026, 13:08

ស្ថិត​នៅ​ឃុំ​កោះ​កូវ​ឡាវ​យ៉ុង ទី​ក្រុង​កឹង​ធើ កសិ​ដ្ឋាន​ជីវ​ចម្រុះ​អប្ស​រា​កំ​ពុង​ក្លាយ​ជា​ទី​ទេស ចរណ៍​ដ៏​ទាក់​ទាញ ដោយ​មាន​សកម្ម​ភាព​ឆ្លង​បទ​ពិ​សោធន៍​ជា​ច្រើន ដូច​ជា​ដាំ​បន្លែ ចាប់​ត្រី ចម្អិន​ម្ហូប​អា​ហារ​តាម​បែប​បុរាណ ទស្ស​នា​ការសម្ដែង​សិល្បៈ ក៏​ដូច​ជា​ស្វែង​យល់​ពី​វប្ប​ធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ។

ភ្ញៀវ​ទេស​ចរ​មក​ទស្សនា​នៅ​កសិ​ដ្ឋាន​ជីវ​ចម្រុះ​អប្សរា។

ជា​មួយ​ផ្ទៃ​ដី​ជាង ៦ ហិក​តា មណ្ឌល​ទេស​ចរណ៍​នេះ​បាន​រៀប​គម្រោង​ប្លង់​ជា​ពីរ​មណ្ឌល​សំ​ខាន់ៗ រួម​មាន៖ មណ្ឌល​កសិ​ដ្ឋាន​ជីវ ចម្រុះ​ឆ្លង​កាត់​បទ​ពិ​សោធន៍ និង​មណ្ឌល​ភោជ​នីយ​ដ្ឋាន-សម្រាក​លំ​ហែ​កាយ បង្ក​ជា​លំ​ហ​ទេស​ចរណ៍​​វិល​ជុំ ប៉ុន្តែ​មាន​ភាព​ជិត​ដិត​នឹង​ជីវ​ភាព​នៅ​ជន​បទ។

កសិដ្ឋាន​ជីវ​ចម្រុះ​អប្ស​រា ចាប់​ផ្តើម​ដំ​ណើរ​ការ​ជា​ផ្លូវ​ការ​តាំង​ពី​ចុង​ឆ្នាំ ២០២២ ដែល​កសាង និង​អភិ​វឌ្ឍន៍​ឡើង​ដោយ​បង​ស្រី ត្រឹង​ធី​មី​ជី ជា​កូន​ខ្មែរ​នៅ​ភូមិ​ភាគ​ផ្ទាល់។ ក្នុង​គោល​បំ​ណង បង្ក​ទី​ទេស​ចរណ៍​ប្រ​កប​ដោយ​អត្ត​សញ្ញាណ​វប្ប​ធម៌​ជន​ជាតិ និង​ឆ្លុះ​បញ្ចាំង​ពី​រូប​ភាព​ជន​បទ​តំ​បន់ ព្រែក​ទន្លេ បង​ស្រី​មី​ជី បាន​ខិត​ខំ​កសាង​នូវ​ទម្រង់​ទេស​ចរណ៍​ជីវ​ចម្រុះ គួប​ផ្សំ​នឹង​ការ​ឆ្លង​កាត់​បទ​ពិ​សោធន៍​កសិ​កម្ម​ដ៏​ពិ​សេស។

បង​ស្រី​ត្រឹង​ធី​មី​ជី ឱ្យ​ដឹង៖ “កើត​និង​ធំ​ដឹង​ក្តីនៅ​កោះ​កូវ​ឡាវ​យ៉ុង នាង​ខ្ញុំ​តែង​មាន​បំ​ណង​ចង់​នាំ​យក​សោ​ភណ​ភាព​វប្ប​ធម៌​ខ្មែរ ក៏​ដូច​ជា​ជីវ​ភាព​រស់​នៅ​ដ៏​សា​មញ្ញ​នៃ​ភូមិ​កំ​ណើត ជូន​ដល់​ភ្ញៀវ​ទេស​ចរ​ឱ្យ​បាន​ស្គាល់”។

មិន​ត្រឹម​តែ​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​ក្នុង​ប្រ​ទេស​ប៉ុណ្ណោះ​ទេ កសិ​ដ្ឋាន​ជីវ​ចម្រុះ​អប្ស​រា​ក៏​បាន​ទទួល​ភ្ញៀវ​អន្តរ​ជាតិ​ជា​ច្រើន​មក​កម្សាន្ត។ បង​ស្រី​សេ​រ៉េន​កូ​កា ភ្ញៀវ​ទេស​ចរ​មក​ពី​ប្រ​ទេស​តួក​គី ឱ្យ​ដឹង៖ “បរិ​យា​កាស​នៅ​ទី​នេះ​ពិត​ជា​ស្ងប់​ល្អ​ហើយ​ជិត​ដិត​នឹង​ធម្ម​ជាតិ។ នាង​ខ្ញុំ​ចូល​ចិត្ត​បំ​ផុត​គឺ​ការ​បាន​ចូល​រួម​ចម្អិន​ម្ហូប ចាប់​ត្រីនិង​ទស្ស​នា​របាំ​អប្ស​រា។ នេះ​ជា​ការ​ឆ្លង​កាត់​បទ​ពិ​សោធន៍​ដ៏​ខុស​ប្លែក​ពី​កន្លែង​ទេស​ចរណ៍​នា​នា​ដែល​នាង​ខ្ញុំ​ធ្លាប់​ទៅ”។

តាម​ការ​ស្ថិតិ ជា​រៀង​រាល់​ខែ កសិ​ដ្ឋាន​ជីវ​ចម្រុះអប្ស​រា​ ទទួល​ភ្ញៀវ​មក​ទស្ស​នានិង​សម្រាក​កម្សាន្ដ ប្រ​មាណ​ពី ៤០០​ដល់ ៥០០​នាក់។ ក្នុង​នោះ ភាគ​ច្រើន​ជា​ក្រុម​គ្រួ​សារ និង​អ្នក​មាន​វ័យ​មជ្ឈិមដែល​ស្វែង​រក​ទី​កន្លែង​ស្ងប់​ស្ងាត់​ដើម្បី​សម្រាក​លំ​ហែ​កាយ។ គួរ​ឱ្យ​កត់​សម្គាល់ អត្រា​ភ្ញៀវ​ត្រ​ឡប់​មក​វិញ​មាន​ជិត ៨០% ពិ​សេស​គឺ​នៅ​អំ​ឡុង​ពេល​ចុង​ឆ្នាំ។

ក្រៅ​ពី​សកម្ម​ភាព​នៅ​កសិ​ដ្ឋាន មណ្ឌល​ទេស​ចរណ៍​អប្ស​រា​នៅ​ទាំង​ចង​សម្ព័ន្ធ​ជា​មួយ​ទី​ទេស​ចរណ៍​លេច​ធ្លោ​ជា​ច្រើន​ទៀត​នៅ​ភូមិ​ភាគ ដោយ​រៀប​ចំ​ជើង​ទេស​ចរណ៍​ទៅ​ទស្ស​នា​ដី​ដុះ​តាម​មាត់​ទន្តេ ឆ្លង​កាត់​បទ​ពិ​សោធន៍​ដើរ​ស្ពាន​ឫស្សី​កាត់​ព្រៃ និង​ស្វែង​យល់​ពី​ព្រៃ​លិច​ទឹក។ សកម្ម​ភាព​ទាំង​នេះ ជួយ​ឱ្យ​ភ្ញៀវ​ទេស​ចរ​ស្វែង​យល់​កាន់​តែ​ច្បាស់ ពី​ប្រ​ព័ន្ធ​ជីវ​ចម្រុះ​ដ៏​សម្បូរ​បែប​នៃ​តំ​បន់​ដី​កោះ​កូវ​ឡាវ​យ៉ុង។

លោក​ង្វៀង​វ៉ាំង​ដាក់ អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​កូវ​ឡាវ​យ៉ុង មាន​ប្រ​សាសន៍៖ “ការ​បង្កើត​កសិ​ដ្ឋាន​ជីវ​ចម្រុះ​អប្សរា បាន​រួម​ចំ​ណែក​បើក​ទិស​ដៅ​អភិ​វឌ្ឍន៍​ទេស​ចរណ៍​សហ​គមន៍​សម្រាប់​ភូមិ​ភាគ។ ទម្រង់​ទេស​ចរណ៍​នេះ មិន​ត្រឹម​តែ​ផ្សព្វ​ផ្សាយ​រូប​ភាព​ស្រុក​កំ​ណើត ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​បង្ក​ការ​ងារ​ធ្វើ បង្កើន​ប្រាក់​ចំ​ណូល​ជូន​ប្រ​ជា​ជន ព្រម​ទាំង​រួម​ចំ​ណែក​ថែ​រក្សា​និង​ពង្រីក​នូវ​អត្ត​សញ្ញាណ​វប្ប​ធម៌​ខ្មែរ​ទៀត​ផង”៕        

                                     ហុង​ទើ - ថាច់​ធី